កម្ពុជា បន្តពង្រឹងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដុតបំផ្លាញផលិតផលខុសច្បាប់ ៧៥០តោន
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាសហអធិបតីជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកម្មវិធីដុតបំផ្លាញផលិតផលក្លែងម៉ាក និងសម្ភារៈពាក់ព័ន្ធ

ខេត្តកណ្តាល៖ នាព្រឹក ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាសហអធិបតីជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកម្មវិធីដុតបំផ្លាញផលិតផលក្លែងម៉ាក និងសម្ភារៈពាក់ព័ន្ធ។ កម្មវិធីនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នពាក់ព័ន្ធ, ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកណ្តាល, ថ្នាក់ដឹកនាំនៃសាលាជម្រះក្តីពាក់ព័ន្ធ, មន្ត្រីអនុវត្តច្បាប់ ព្រមទាំងអង្គទូត និងភ្នាក់ងារអនុវត្តច្បាប់អន្តរជាតិ។
សូមគូសបញ្ជាក់ថា កម្មវិធីនេះបានដុតបំផ្លាញផលិតផលម៉ាកក្លែង និងសម្ភារៈពាក់ព័ន្ធចំនួន ៧៥០តោន ដោយអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការ។ ផលិតផលទាំងនេះ ជាផលិតផលខុសច្បាប់ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់ប្រជាពលរដ្ឋ, ប៉ះពាល់ដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ម្ចាស់កម្មសិទ្ធិបញ្ញា ក៏ដូចជាបរិយាកាសវិនិយោគនៅកម្ពុជា។ ការបំផ្លាញផលិតផលទាំងនេះ គឺជាវិធានការអនុវត្តច្បាប់ដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សំដៅធានាការពារកម្មសិទ្ធិបញ្ញា, ផលប្រយោជន៍របស់អ្នកប្រើប្រាស់, ការប្រកួតប្រជែងដោយស្មោះត្រង់ក្នុងទីផ្សារ ជាពិសេស សុខភាព និងសុវត្ថិភាពសាធារណៈ។




