សម្ដេច ហ៊ុន សែន ជំរុញឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការការពារតំបន់ព្រំដែន និងវិស័យការពារជាតិ កម្ពុជា-ឡាវ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យកម្ពុជា និងឡាវ បន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាពិសេសលើកិច្ចការពារតំបន់ព្រំដែន ដើម្បីធានាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាជននៃប្រទេសទាំងពីរ។ ការណែនាំនេះធ្វើឡើងខណៈសម្ដេចតេជោ ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន (Khamlieng Outhakaysone) រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ។
រដ្ឋមន្ត្រីការពារជាតិឡាវរូបនេះ បានបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងបានចូលរួមជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេច ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា នៅវិមានសាមគ្គីភាព។ បើតាមការបញ្ជាក់របស់ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ក្នុងជំនួបនោះ សម្ដេច ហ៊ុន សែន បានចាត់ទុកដំណើរទស្សនកិច្ចនេះថាជាផ្នែកដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងក្របខណ្ឌការពារជាតិរវាងប្រទេសទាំងពីរ។
អំឡុងកិច្ចពិភាក្សា ឯកឧត្តម ខាំលៀង ឧថាក់កៃសន បានលើកឡើងពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការយោធាកន្លងមករវាងកម្ពុជា និងឡាវ ព្រមទាំងការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យការពារជាតិ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការថែរក្សាព្រំដែន ដែលបច្ចុប្បន្នស្ថិតក្រោមបរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខពេញលេញ។
«កិច្ចសហប្រតិបត្តិការជួយដោះស្រាយ ឬក៏ទប់ស្កាត់ជួយសង្គ្រោះនៅពេលដែលមានគ្រោះមហន្តរាយកើតឡើងកន្លងមក កងទ័ពកម្ពុជា និងកងទ័ពឡាវ ក៏បានធ្វើការរួមគ្នាដែរ ព្រមទាំងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។» នេះជាការបញ្ជាក់បន្ថែមរបស់រដ្ឋមន្ត្រីការពារជាតិឡាវ។
ប្រធានព្រឹទ្ធសភា បានបង្ហាញការពេញចិត្តចំពោះលទ្ធផល និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិនេះ ដោយបានផ្ដល់អនុសាសន៍ថា៖
«ជំរុញបន្ថែមទៀតឱ្យភាគីទាំងពីរ បន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសគឺការការពារនៅតាមព្រំដែន ដែលធានាឱ្យបានបន្តទៀតនូវព្រំដែនដែលមានសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសម្រាប់ប្រទេសទាំងសងខាង ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ។»
ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏បានកត់សម្គាល់ និងវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជាការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ក្រោមជាតិ នៃក្រសួងការពារជាតិទាំងពីរជាប្រចាំផងដែរ។
#ហ៊ុនសែន #កម្ពុជាឡាវ #ព្រំដែនកម្ពុជាឡាវ #ក្រសួងការពារជាតិ #ព្រឹទ្ធសភាកម្ពុជា #កិច្ចសហប្រតិបត្តិការ #ព័ត៌មានជាតិ
