រាជរដ្ឋាភិបាល សម្រេចបង្កើត «ភូមិតាកឹងចងចាំ» សម្រាប់ពលរដ្ឋភៀសសឹកជាង៦រយគ្រួសាររងគ្រោះព្រោះថៃឈ្លានពាន រស់នៅ

admin By admin November 11, 2026

ដោយបំបែកចេញពីភូមិថ្នល់បែក នៃឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ
តាមរយៈប្រកាសស្ដីពីការបង្កើតភូមិ នៃខេត្តព្រះវិហារ ចុះថ្ងៃទី១០ ខែវិច្ឆិកា  ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចថា ៖«ត្រូវបានបង្កើតភូមិតាកឹងចងចាំ​ដោយបំបែកចេញពីភូមិថ្នល់បែក នៃឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។»។
របាយការណ៍របស់អាជ្ញាធរមូលដ្ឋានបង្ហាញថា នៅទីតាំងភូមិនេះ ដែលមាន​ចម្ងាយ​ជាង ២០ គីឡូម៉ែត្រពីក្រុងព្រះវិហារ ខេត្តព្រះវិហារនេះ មានប្រជាពលរដ្ឋចំនួន ៦៤៥គ្រួសារ ដែលផ្ទះសម្បែងត្រូវយោធាថៃឈ្លានពានព័ទ្ធយក កំពុងរស់នៅជាបណ្តោះអាសន្ន រងចាំការត្រឡប់ទៅកាន់ផ្ទះសម្បែងដើមវិញ។

អាជ្ញាធរមូលដ្ឋាន​ ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា ពលរដ្ឋភៀសសឹកដែលមករស់នៅក្នុងភូមិនេះ  ទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដោយក្នុងនោះពលរដ្ឋភៀសសឹកទទួលបាន ​ជម្រកស្នាក់នៅ​បណ្តោះ​អាសន្ន​ទទួល​បានការផ្គត់ផ្គង់​ទឹកស្អាត និង​អគ្គិសនី​ប្រើប្រាស់​ដោយ​មិនគិតថ្លៃ គ្រាដែលហេដ្ឋារចនា​សម្ព័ន្ធ​ចាំបាច់​មួយ​ចំនួនរួមមានផ្លូវថ្នល់ សាលា​រៀននិងមណ្ឌលសុខភាពក៏ត្រូវបានរៀបចំ​​រួចរាល់ ដើម្បីគាំទ្របម្រើដល់ការរស់នៅប្រចាំថ្ងៃរបស់​ពលរដ្ឋ ដូចទៅនឹងពលរដ្ឋភៀសសឹកដទៃទៀត ដែលកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិរងចាំ ក្នុងខេត្តបន្ទាយមាជ័យដែរ។


រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានសម្រេចបង្កើតភូមិថ្មីចំនួន ៦ រួមមាន ភូមិរង់ចាំ១, រង់ចាំ២, រង់ចាំ៣, រង់ចាំ៤, រង់ចាំ៥ និងរង់ចាំ៦ នៅលើផ្ទៃដីទំហំ ៤០០ ហិកតា ដោយបំបែកចេញពីភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីដើមខែកក្កដា ឆ្នាំ២០២៦។

ការបង្កើត «ភូមិរង់ចាំ» នេះ ធ្វើឡើងតាមការណែនាំរបស់សម្តេច ហ៊ុន សែន កាលពីខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក។ ការរៀបចំភូមិថ្មីទាំងនេះ មានគោលបំណងសំខាន់ៗដូចជា៖

ការទាមទារទឹកដី៖ ជានិមិត្តរូបនៃការរង់ចាំរហូតដល់រាជរដ្ឋាភិបាលកម្ពុជា ទាមទារបានមកវិញនូវទឹកដីស្របច្បាប់ ដែលត្រូវបានកងទ័ពថៃរំលោភបំពាន និងគ្រប់គ្រងដោយខុសច្បាប់ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋវិញ។

សម្រួលការគ្រប់គ្រង និងផ្តល់សេវាសាធារណៈ៖ ជួយសម្រួលដល់អាជ្ញាធរក្នុងការថែរក្សា និងផ្តល់សេវាផ្សេងៗជូនពលរដ្ឋឱ្យមានប្រសិទ្ធភាព។

ជម្រកបណ្តោះអាសន្ន៖ ជាកន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋខ្មែរដែលរងគ្រោះ ដើម្បីរង់ចាំត្រឡប់ទៅកាន់ផ្ទះសម្បែងដើមវិញ។

#កម្ពុជា #ក្រសួងមហាផ្ទៃ #ខេត្តព្រះវិហារ #ខេត្តបន្ទាយមានជ័យ #ភូមិរង់ចាំ #ភូមិចងចាំ #ព័ត៌មានថ្មីៗ

Leave a Reply

Your email address will not be published. Required fields are marked *