កម្ពុជា-សហរដ្ឋអាម៉េរិក បង្ហាញសុទិដ្ឋិនិយមខ្ពស់ និងការប្តេជ្ញាចិត្តរួមគ្នា បន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ

admin By admin November 26, 2026

ភ្នំពេញ៖ កម្ពុជា និងសហរដ្ឋអាម៉េរិក បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

ការគូសបញ្ជាក់នេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និង ឯកឧត្តម Steve Daines សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក នារសៀលថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពសំខាន់ៗ ជាពិសេស វិស័យពាណិជ្ជកម្ម ថាមពល និងឧស្សាហកម្ម សំដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគី និងទាក់ទាញវិនិយោគិនអាម៉េរិកឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត។

ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលសម្រេចបាននាពេលកន្លងមក រួមមាន៖

  • កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ (ART)
  • កិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស (Air Service Agreement)
  • ការគាំទ្រផ្នែកហិរញ្ញប្បទាន ពីសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាម៉េរិក (DFC) ចំពោះគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ដែលជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដ៏សំខាន់ភ្ជាប់កម្ពុជាទៅកាន់សកលលោក
  • ការចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងវិស័យសុខាភិបាល ដែលជួយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់សុខមាលភាពសង្គមនៅកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមសមាជិកព្រឹទ្ធសភា និងគណៈប្រតិភូ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ចំពោះការយកចិត្តទុកដាក់ និងការគាំទ្រពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាព (Peace Accord) កន្លងមក។

ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់អំពីវឌ្ឍនភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេសការកើនឡើងនៃអត្រាអាយុសង្ឃឹមរស់របស់ប្រជាពលរដ្ឋកម្ពុជា ដែលសមិទ្ធផលទាំងនោះសុទ្ធសឹងតែមានការចូលរួមចំណែកគាំទ្រយ៉ាងសកម្មពីសំណាក់រដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាម៉េរិក៕

ប្រភពដើមស្រងពី journalist (ដោយ៖ កន ចំណាន) official news reports

Leave a Reply

Your email address will not be published. Required fields are marked *