បើទិញប៉ះគ្រឿងសម្អាងក្លែងក្លាយប្រើទៅមានបញ្ហាដល់សុខភាពតើត្រូវធ្វើយ៉ាងណា?
រាជធានីភ្នំពេញ៖ បច្ចុប្បន្នការប្រើប្រាស់គ្រឿងសម្អាងបានក្លាយជាតម្រូវការចាំបាច់សម្រាប់មនុស្សគ្រប់ វ័យ។ ទន្ទឹមនឹងការរីកចម្រើននេះ ជនខិលខូចមួយចំនួនបានលួចផលិត និងនាំចូលគ្រឿងសម្អាងក្លែងក្លាយ គ្មានច្បាប់អនុញ្ញាត ឬមានសារធាតុគីមីហាមឃាត់ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់ដូចជា រលាកស្បែក មហារីក ឬខូចផ្ទៃមុខជាដើម។ នៅពេលជួបបញ្ហានេះ អ្នកប្រើប្រាស់មិនត្រូវនៅស្ងៀមឡើយ ប៉ុន្តែត្រូវដឹងពីរបៀបដោះស្រាយតាមផ្លូវច្បាប់ដើម្បីការពារសិទ្ធិ និងសុខភាពរបស់ខ្លួន។
តើត្រូវធ្វើដូចម្ដ៉េចបើទិញគ្រឿងសម្អាងក្លែងក្លាយប្រើទៅមានបញ្ហាដល់សុខភាព? ១.ដោះស្រាយ ប្រសិនបើបងប្អូនទិញប៉ះ និងប្រើប្រាស់គ្រឿងសម្អាងក្លែងក្លាយ រួចមានបញ្ហាសុខភាព ត្រូវអនុវត្តតាមជំហានដូចខាងក្រោម៖ ក. ការពារភស្តុតាង៖ ត្រូវរក្សាទុកសំបកវេចខ្ចប់ ផលិតផលដែលនៅសេសសល់ វិក្កយបត្រទិញដូរ (បើមាន) និងថតរូបភាពស្ថានភាពមុខ ឬស្បែកដែលរងគ្រោះថ្នាក់ទុកជាភស្តុតាង។ ខ. ពិនិត្យសុខភាព៖ ប្រញាប់ទៅជួបគ្រូពេទ្យជំនាញសើស្បែក ដើម្បីពិនិត្យ និងយកលិខិតបញ្ជាក់សភាពជំងឺ ឬវេជ្ជបញ្ជា។ ឯកសារពេទ្យនេះគឺជាភស្តុតាងបច្ចេកទេសដ៏សំខាន់បំផុត។ គ. ការដាក់ពាក្យបណ្ដឹង៖ o ប្តឹងទៅ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក)។ o ប្តឹងទៅ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម។ o ប្តឹងទៅ នាយកដ្ឋានឱសថ គ្រឿងសម្អាង និងអាហារ នៃក្រសួងសុខាភិបាល។ ឃ. ការទាមទារសំណង៖ អ្នករងគ្រោះអាចប្តឹងទៅតុលាការរដ្ឋប្បវេណី ដើម្បីទាមទារសំណងខូចខាត (ថ្លៃព្យាបាល ថ្លៃខាតបង់ពេលវេលា និងការប៉ះពាល់ស្មារតី)។
២. អង្គច្បាប់
យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៖
• ច្បាប់ស្តីពីការគ្រប់គ្រងឱសថ (និងគ្រឿងសម្អាង)៖ ហាមឃាត់ដាច់ខាតការផលិត លក់ ឬចែកចាយគ្រឿងសម្អាងដែលគ្មានការចុះបញ្ជី (Visa/No) ឬមានសារធាតុគ្រោះថ្នាក់។ អ្នកល្មើសត្រូវប្រឈមនឹងការផាកពិន័យ និងទោសពន្ធនាគារ។
• ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់៖ ផ្តល់សិទ្ធិឱ្យអ្នកប្រើប្រាស់ទទួលបានព័ត៌មានពិត និងមានសិទ្ធិប្តឹងទាមទារសំណងចំពោះផលិតផលដែលខ្វះសុវត្ថិភាព។
• ក្រមព្រហ្មទណ្ឌ៖ បើការលក់ផលិតផលក្លែងក្លាយបណ្តាលឱ្យអ្នកដទៃរងរបួស ឬពិការ អ្នកលក់អាចត្រូវចោទប្រកាន់ពីបទ “ហិង្សាដោយអចេតនា”។
៣. សេចក្ដីសន្និដ្ឋាន
ការប្រើប្រាស់គ្រឿងសម្អាងក្លែងក្លាយមិនត្រឹមតែខាតបង់ថវិកា ប៉ុន្តែវាជាការសម្លាប់សម្រស់ និងសុខភាពខ្លួនឯង។ នៅពេលមានបញ្ហា ការរក្សាភស្តុតាង និងការប្តឹងទៅសមត្ថកិច្ចជំនាញ គឺជាមធ្យោបាយតែមួយគត់ដើម្បីទទួលបានយុត្តិធម៌ និងដើម្បីទប់ស្កាត់កុំឱ្យជនខិលខូចបន្តធ្វើបាបអ្នកដទៃទៀត។ “ការពារប្រសើរជាងព្យាបាល” មុននឹងទិញ សូមពិនិត្យមើលលេខបញ្ជិកាពីក្រសួងសុខាភិបាលឱ្យបានច្បាស់លាស់។
