ការបើកគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ នៅកម្ពុជា
(រាជធានីភ្នំពេញ)៖ ជាទូទៅការនំាចេញ ឬនាំចូលឱសថគ្រប់ប្រភេទ សម្រាប់វិស័យសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជា គឺមានតែគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ ដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាលប៉ុណ្ណោះ ដែលអាចនាំចេញ ឬនាំចូលឱសថបាន។ ការធ្វើបែបនេះ មានគោលបំណងដើម្បីបង្ការកុំឱ្យមានការចរាចរណ៍ឱសថក្លែងក្លាយក្នុងប្រទេសកម្ពុជា ដែលអាចបង្កហានិភ័យខ្ពស់ចំពោះសុខភាពអ្នកប្រើប្រាស់។
តើការស្នើសុំបើកគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថនៅកម្ពុជាតម្រូវឱ្យមានលក្ខខណ្ឌយ៉ាងដូចមេ្ដច?មានអ្វីខ្លះ? យោងតាមការកំណត់របស់រដ្ឋាភិបាលកម្ពុជា ជាពិសេសលក្ខខណ្ឌដែលបានកំណត់ដោយក្រសួងសុខាភិបាលកម្ពុជា ដើម្បីអាចបើកគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថបាន គឺតម្រូវឱ្យអ្នកស្នើសុំត្រូវតែជាឱសថការី ដែលមានលក្ខណៈសម្បត្តិដូចជា (១) មានសញ្ជាតិខ្មែរ (២) មានសញ្ញាប័ត្រទទួលស្គាល់ដោយក្រសួងសុខាភិបាល (៣) មិនជាប់ក្នុងបញ្ជីថ្កោលទោសពីទោសឧក្រិដ្ឋណាមួយ និង (៤) មានសុខភាពគ្រប់គ្រាន់អាចបំពេញការងារបាន។ ម្យ៉ាងវិញទៀត ឱសថការីមួយរូប មានសិទ្ធិដាក់ពាក្យសុំបើកគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ បានតែមួយកន្លែង និងមិនអាចប្រកបវិជ្ជាជីវៈសុខាភិបាលផ្សេងទៀតឡើយ។ ចំពោះការបើកគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ តម្រូវឱ្យមានសំណុំលិខិតសុំភ្ជាប់ជាមួយនឹងឯកសារពាក់ព័ន្ធដូចជា៖ ក. ពាក្យសុំបើក មានបិទតែមប្រិ៍ ១.០០០ រៀល (០១ ច្បាប់) ខ. សញ្ញាប័ត្រឱសថការី ទទួលស្គាល់ដោយក្រសួងសុខាភិបាល (០១ ច្បាប់) គ. ប្រវត្តិរូបសង្ខេបរបស់សាមីជន (០១ ច្បាប់) ឃ. វិញ្ញាបនប័ត្រសុខភាពចេញដោយក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាលរាជធានី-ខេត្ត (០១ ច្បាប់) ង. លិខិតថ្កោលទោស ដែលនៅមានសុពលភាព ចេញដោយក្រសួងយុត្តិធម៌ (០១ ច្បាប់) ច. គំនូសបំព្រួញទីតាំង ទីចាត់ការ និងឃ្លាំងស្តុក ដោយមានចំណារឯកភាពពីសង្កាត់/ឃុំ (០១ ច្បាប់) ឆ. លក្ខន្តិកៈក្រុមហ៊ុន (ថតចម្លង) ជ. រូបថតអគារ ទីចាត់ការ និងឃ្លាំង (ថតចំពីមុខ និងខាងក្នុង) យ៉ាងតិច (០៥ សន្លឹក) ឈ. រូបថតសាមីជន ៤ x ៦ ស.ម (០៣ សន្លឹក) សំណុំលិខិតទាំងនេះនៅពេលដែលបានរៀបចំរួចរាល់ ត្រូវបញ្ជូនមកក្រសួងសុខាភិបាល មកកាន់នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង។

Documents
ដោយឡែកចំពោះលក្ខ ខណ្ឌសម្រាប់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គឺត្រូវតែដាច់ចេញពីកន្លែងស្នាក់នៅ មានអនាម័យស្អាតបាតទាំងខាងក្នុង ទាំងខាងក្រៅ ស្របតាមការកំណត់ដូចខាងក្រោម៖
* ក. ត្រូវមានស្លាកសញ្ញាត្រឹមត្រូវ (ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ លេខទូរសារ) ទំហំយ៉ាងតូច ០.៤ *០.៦ ម៉ែត្រ
* ខ. ទីចាត់ការ ត្រូវមានការរៀបចំ ជារបៀបការិយាល័យ
* គ. ឃ្លាំងត្រូវដាច់ចេញពីកន្លែងស្នាក់នៅ និងមានទំហំ យ៉ាងតិច ១២០ ម៉ែត្រគូប
* ឃ. មានទូរ និងកំណល់គ្រប់គ្រាន់សម្រាប់រៀបចំទុកដាក់ ផលិតផលឱសថ
* ង. មានម៉ាស៊ីនត្រជាក់ កង្ហារ សីតុណ្ហមាត្រ និងប្រដាប់វាស់សំណើម សម្រាប់តាមដានសីតុណ្ហភាព និងសំណើមក្នុងឃ្លាំងតាមលក្ខណៈបច្ចេកទេសឱសថសាស្ត្រ
* ច. មានទូរពិសេសសម្រាប់គ្រឿងញៀន និងជាតិពុល ចំណែកឯគ្រឹះស្ថានអាហរ័ណ នីហរ័ណ ដែលធ្វើការនាំចូល និងចែកចាយ នូវសេរ៉ូម វ៉ាក់សាំង ឬប្រតិករត្រូវមានទូរត្រជាក់
* ឆ. វិក្កយបត្រទំនិញ ត្រូវមានឈ្មោះ និមិត្តសញ្ញា អាសយដ្ឋាន លេខទូរស័ព្ទ និងទូរសារច្បាស់លាស់របស់គ្រឹះស្ថាន
* ជ. នៅលើបណ្ណបញ្ជាទិញ ឬប័ណ្ណបញ្ចូល ឬបញ្ចេញ ឬវិក្កយប័ត្រទំនិញ ត្រូវមានចុះហត្ថលេខា និងឈ្មោះរបស់ឱសថការីទទួលខុសត្រូវ។
ចំពោះលិខិតអនុញ្ញាតស្ដីពីការបើកគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ មានសុពលភាពរយៈពេល ២ឆ្នាំ។ ពីរខែមុនផុតកំណត់ សាមីជនត្រូវដាក់ពាក្យសុំបន្ដសុពលភាពឱ្យបានទាន់ពេលវេលា។ ករណីអស់សុពលភាព ក្រសួងសុខាភិបាលនឹងផ្អាកសកម្មភាពជាបណ្ដោះអាសន្ននូវការទទួលពាក្យសុំនាំចូលឱសថ និងការចុះបញ្ជិកា រហូតដល់លិខិតអនុញ្ញាតមានសុពលភាពឡើងវិញ។ បើសិនជាខកខានពុំបានមកសុំបន្ដសុពលភាពចាប់ពី ៣ខែឡើងទៅ ក្រសួងសុខាភិបាលពុំអនុញ្ញាតឱ្យបន្ដសុពលភាពបានទេ ហើយលិខិតអនុញ្ញាតនឹងត្រូវចាត់ទុកជាមោឃៈ។
សរុបមក ការចុះបញ្ជីស្នើសុំបើកគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គឺមានភាពចាំបាច់ដើម្បីទទួលបាននូវការធានា និងគាំពារដោយរដ្ឋ ក៏ដូចជាផ្ដល់ភាពងាយស្រួលដល់រដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់បាន ចំពោះការនាំចូលនូវឱសថខុសច្បាប់។ ផ្ទុយទៅវិញ ប្រសិនបើរាល់ការបើកគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០ រៀល (ប្រាំលានរៀល) ដល់ ១០.០០០.០០០ រៀល (ដប់លានរៀល)។

paper works
#education #DBTNews #study #Law #cambodia
#ឌីប៊ីធី #DBT News #DBT Khmer #ព័ត៌មានឌីប៊ីធី #DBTEveningNews
